សាវតា
ទីតាំងមន្ទីរពេទ្យបង្អែកពញាឮស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិចតុទិស ឃុំវិហាល្លួង ស្រុកពញាឮ ខេត្តកណ្តាល។ ដើមឡើយមានសាលារៀន២ខ្នង ត្រូវបានបិទទ្វារ និងធ្វើជាឃ្លាំងដាក់អំបិសក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ក៏មានការរៀបចំអោយទៅជាគិលានដ្ឋានសង្គ្រោះឃុំវិហាល្លួងឆ្នាំ១៩៨០-១៩៨៣ បន្ទាប់មកក្លាយជាមណ្ឌលសុខភាពឃុំវិហាល្លួង ជាឧបសម្ព័ន្ធនៃមន្ទីរពេទ្យព្រែកព្នៅ ឃុំព្រែកព្នៅ ស្រុកពញាឮ ខេត្តកណ្តាល ឆ្នាំ១៩៨៤-១៩៨៦ នាពេលនោះ។
ឆ្នាំ១៩៨៧-១៩៨៩បានសាងសង់អគារចំនួន ៤ខ្នង មាន២៥បន្ទប់តូចៗ ដោយអង្គការ UNHCR សហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ហើយដាក់ឈ្មោះជាមន្ទីរពេទ្យស្រុកពញាឮនៅឆ្នាំ១៩៩០។
យោងតាមអនុក្រឹត្យលេខ ៦៧ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី២២ខែតុលាឆ្នាំ១៩៩៧ មន្ទីរពេទ្យស្រុកពញាឮគ្របដណ្តប់ប្រជាពលរដ្ឋតិចជាង១០០,០០០នាក់ តាមផែនការនៃការកំណែទំរង់វិស័យសុខាភិបាលទូទាំងប្រទេសក្នុងកំឡុងឆ្នាំ១៩៩៦ -១៩៩៧ មន្ទីរពេទ្យស្រុកពញាឮក្លាយជាមណ្ឌលសុខភាពវិហាល្លួងវិញ(ជាអតីតមន្ទីរពេទ្យស្រុកពញាឮចាស់)។
យោងប្រកាស លេខ០៥៥ អបស/ផពស ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៤ របស់ក្រសួងសុខាភិបាល ស្តីពីការកែសម្រួលផែនការគ្របដណ្តប់សុខាភិបាលទូទាំងប្រទេស មណ្ឌលសុខភាពវិហាល្លួងបានអភិវឌ្ឃន៏ខ្លួន ជាមន្ទីរពេទ្យបង្អែកពញាឮ កំរិត១ (CPA1)មានគ្រែសំរាកចំនួន៤១ ចុងឆ្នាំ២០១៤។
នៅឆ្នាំ២០១៥ដោយមានកិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យបង្អែកពញាឮ និងអង្គការបេះដូងជប៉ុនបានសាងសង់អគារវះកាត់ចំនួន១ខ្នង មានគ្រែសំរាកចំនួន២៤ ធ្វើការពិនិត្យ ព្យាបាលវះកាត់ដោយពុំបង់ថ្លៃ។ យោងតាមលិខិតលេខ១១៣៤៤សហវ.អថចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលិខិតលេខ៣៨៥៤មស.នក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ របស់ក្រសួងមុខងារសាធារណ:ស្តីពីការឯកភាពលើការតំលើងមន្ទីរពេទ្យបង្អែកពញាឮកំរិត១(CPA1) ជាមន្ទីរពេទ្យបង្អែកពញាឮកំរិត២(CPA2)។ ២០១៧ អង្គការបេះដូងជប៉ុនបានសង់អាគារព្យាបាលជំងឺមហារឺកកុមារ១ខ្នង ដែលមានចំនួនគ្រែ៤១ ដោយធ្វើការពិនិត្យ ព្យាបាលជំងឺមហារឺកកុមារដោយពុំបង់ថ្លៃ។ ម៉្យាងវិញទៀតផ្អែកទៅលើកិច្ចសហប្រតិបត្តការរវាង មន្ទីរពេទ្យបង្អែកពញាឮ និងអង្គការបេះដូងជប៉ុនបានសម្រេចសាងសង់រោងបាយមួយសំរាប់បុគ្គលិកអង្គការ និងបុគ្គលិករដ្ឋ(បង់ថវិកា) ពិសេសសំរាប់អ្នកជំងឺមហារីកកុមារ។
ដោយមន្ទីរពេទ្យស្ថិតក្នុងសំណុំសកម្មភាពបង្គ្រប់កម្រិត២ និងស្តង់ដារស្ថិតិបុគ្គលិកយោងតាមគោលការណ៍សំណុំសកម្មភាពបង្គ្រប់កម្រិត២ (CPA guideline 2014)។ មន្ទីរពេទ្យបានធ្វើផែនការធនធានមនុស្សដើម្បីបំពេញចន្លោះតាមតួនាទី និងតម្រូវការរបស់អង្គភាព រួចបានដាក់ស្នើទៅមន្ទីរសុខាភិបាលខេត្ត តាមរយៈការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពញាឮ ទៅតាមកាលកំណត់ជារៀងរាល់ឆ្នាំ។ជាក់ស្តែងក្នុងឆ្នាំ២០២៣ ទៀតសោត មន្ទីរពេទ្យបានទទួលមន្ត្រីទៅតាមការស្នើរសុំកាលពីឆ្នាំ២០២២ ដោយក្នុងនោះមានវេជ្ជបណ្ឌិត គិលានុបដ្ឋាក ឆ្មប បច្ចេកទេសមន្ទីរពិសោធន៍ មិនតែប៉ុណ្ណោះយើងក៏ទទួលបាន មន្ត្រីដែលជាទន្តបណ្ឌិត ឱសថការីឧត្តម ទៀតផងដើម្បីដំណើរការផ្នែកព្យាបាលមាត់ធ្មេញ និងកែលម្អគុណភាព នៅផ្នែកឱសថផងដែរ។ ក្នុងឆ្នាំ២០២៤នេះ មន្ទីរពេទ្យក៏បានដាក់ស្នើរសុំធនធានមនុស្សបន្ថែម តាមតម្រូវការផ្នែកនីមួយៗរបស់អង្គភាពដែរ។